top of page

ឱរាកាហ្វេ រូបសញ្ញាអក្សរ “ក” នៅសម័យអង្គរ (អត្ថបទពេញ)



ឱរាកាហ្វេ ចង់ណែនាំបងប្អូន អោយបានស្គាល់ពីដំណាក់កាល ការវិវត្តន៍ និងការរកឃើញសំខាន់ៗ ទាក់ទងនឹងអក្សរខ្មែរ ព្រឹត្តិការណ៍ធំៗ របត់ប្រវត្តិសាស្ត្រធំៗ បុរាណវត្ថុសំខាន់ៗ ដែលរកឃើញតាមសិលាចារឹកជាង ១២០០សិលាចារឹកចន្លោះសតវត្សន៍ទី៦ ដល់ទី១៩ និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗ៖ [1]


1/ ឱរា “ក - ៦១១ គ.ស.”

សាខាទី១ របស់ឱរាកាហ្វេ នៅផ្លូវជាតិលេខ២ (សាខាទី១) គឺ ឱរា “ក” 611 ដែលចង់សំដៅដល់ សិលាចារឹកដំបូងបំផុត នៅអង្គរបុរី K600 ឆ្លាក់នៅឆ្នាំ ៦១១ គ.ស. ឬ 611 AD (611 anno domini)។ អង្គរបុរី ជារាជធានីចំណាស់មួយ នៃរាជាណាចក្រនគរភ្នំ (Kingdom of Funan)។ មុនេះ, ខ្មែរ ប្រើអក្សរ សំស្ក្រឹត ដើម្បីសសេរ និងទាក់ទងគ្នា ហើយដែលគេប្រទះឃើញនៅលើសិលាចារឹក វូ កាញ់ (Vo Canh Inscription) ដែលរកឃើញជិត ញ៉ា ត្រាង (Nha Trang) នៅភាគកណ្តាលប្រទេសវៀតណាម បច្ចុប្បន្ន។ សំស្ក្រឹតពេលនោះ ប្រើសំរាប់សសេរអក្សរ និងការទំនាក់ទំនង របស់ជនជាតិបីប្រទេស គឺ មន (Mon) ប្រើដោយប្រជាជនភូមា ភាគខាងកើត និង នៅភាគកណ្តាលប្រទេសថៃ បច្ចុប្បន្ន, ភាសាចាម នៅតំបន់អណ្ណាម និងឆ្នេរកូសាំងស៊ីនភាគខាងជើង ក្នុងប្រទេសវៀតណាម បច្ចុប្បន្ន, និង ភាសាខ្មែរ។ [2]


2/ ឱរា “ក - ១៩៣៧ គ.ស.”

សាខាទី២ របស់ឱរាកាហ្វេ នៅក្នុងបុរីមហាជន (សាខាទី២) គឺ ឱរា “ក” ១៩៣៧ គឺសំដៅដល់ឆ្នាំ 1937 ដែលលោក Georges Coédès បានបោះពុម្ភសៀវភៅ “សិលាចារឹកនៃកម្ពុជា” (Inscriptions of Cambodia) ក្បាលទី១ នៅទីក្រុងហានូយ ហើយក្រោយមក បានស្រាវជ្រាវ និងបោះពុម្ភ ៦ក្បាលផ្សេងទៀត ក្នុងប្រទេសបារាំង។ ក្បាលចុងក្រោយបំផុត គឺបោះផ្សាយនៅ ឆ្នាំ ១៩៦៦។ [3] ដោយសារសៀវភៅសិលាចារឹកកម្ពុជា ឆ្នាំ 1937 នេះហើយ ទើបអ្នកសិក្សាអក្សរសាស្ត្រខ្មែរ បានដឹងថា ភាសាខ្មែរ បានវិវត្តន៍ចំនួន ១០ ដង យ៉ាងតិច ដែលចែកចេញជា ១០ ប្រភេទផ្សេងគ្នា។ ប្រភេទ ១ ដល់ ប្រភេទ ៤ គឺអក្សរដែលប្រើមុនសម័យអង្គរ (Pre-Angkorian Period), ប្រភេទ ៥ ដល់ប្រភេទ ៩ ប្រើនៅក្នុងសម័យអង្គរ (Angkorian Period), និងប្រភេទ ទី១០ ប្រើក្រោយសម័យអង្គរ (Post-Angkorian Period)។ ហើយដែលអក្សរ “ក” រូបសញ្ញានៃឱរាកាហ្វេ គឺជាប្រភេទទី៧ ដែលប្រើក្នុងសម័យអង្គរ។ នៅទសវត្សន៍ 1930s នោះ មិនមែនមានតែ លោក Georges Coédès ដែលស្រាវជ្រាវខាងអក្សរសាស្ត្រខ្មែរ នៅមានអ្នកស្រាវជ្រាវផ្សេងទៀត ដែរសិក្សាពីសិលាចារឹក អក្សរ និងភាសាខ្មែរ ដូចជាលោក Louis Finot, លោក Etienne Aymonier, លោក Au Chieng។ [4]


3/ ឱរា “ក - ១៤៩៧ គ.ស.”

ឱរា “ក-១៤៩៧” (សាខាទី៣) សំដៅដល់ សិលាចារឹក វត្ត ព្រះធាតុខ្វាវ K.177 នៅ ឆ្នាំ ១៤៩៧ ដែល បង្ហាញ ថា ដែនដី កម្ពុជរដ្ឋ ដែល បាន បញ្ចុះ ព្រះសារីរិកធាតុ ដោយ រាប់ បញ្ចូល តាំង ពី ស្រី សជ្ជនាល័យ បុរី មក ដល់ ធនបុរី និង វីរេន្ទ្របុរៈ ។ សូម បញ្ជាក់ ថា ស្រី សជ្ជនាល័យ នៅ ខាង ជេីង សុខោទ័យ , ធនបុរី នៅ ត្រេីយ ខាង លិច ទល់មុខ បាងកក និង វីរេន្ទ្របុរៈ គួរ តែ ត្រូវ នឹង ស្រុក ជីក្រែង សព្វថ្ងៃ កន្លែង ប្រាសាទ ព្រះធាតុ ខ្វាវ ដែល មាន ចារ សិលាចារឹក នេះ ឯង ។ នេះ បាន ន័យ ថា មក ដល់ចុងសតវត្សរ៍ ទី១៥ ហេីយ ទីនោះ នៅ រាប់ ថា ជា ដែនដីកម្ពុជទេស នៅឡេីយ ។ គ្រាន់ តែ មាន ស្តេច គ្រប់ គ្រង ផ្សេង ពី នៅ អង្គរ , ទួលប៉ាសាន ឬ ចតុមុខ។ តែ ច្បាស់ ណាស់ ថា ស្តេច ទាំងនោះ ជា ស្តេច ខ្មែរ នៃ ប្រទេសខ្មែរ ផ្សេង ទៀត ដែល មិនទាន់ ក្លាយជា ថៃ នៅ ឡេីយ ។ សូមមេីលផែនទីផង និង សង្កេត ផង មុខ ជា ឆ្ងល់ ឬ យល់ ថា ហេតុអ្វី ក៏ មាន ឈ្មោះ ខ្មែរ នៅ ជុំវិញ សុខោទ័យ? [5]


4/ ឱរា “ក - ១០៦៦ គ.ស.”

ឱរា “ក-១០៦៦” (សាខាទី៤) សំដៅដល់ “បើផលដែលកើតចេញពីបុណ្យខ្ញុំមានមែន, សូមអោយខ្ញុំឆាប់កើតមកនៅកម្ពុជទេសទៀត។” នេះជាគំនិតស្នេហាជាតិដ៏ចំណាស់ជាងគេ របស់ លោក ធនុ រកឃើញលើសិលាចារឹក សាបាក់ K.1158 ចារនៅឆ្នាំ ១០៦៦ គ.ស. នៅនគររាជសីម៉ា នៃប្រទេសថៃបច្ចុប្បន្ន។ សូមចងចាំថា អាចារ្យធនុ ដែលចារឹកស្លោកនេះ នៅស្រុកខ្មែរ ដែលសព្វថ្ងៃត្រូវនឹងខេត្តនគររាជសីមា ស្រុកបាក់ទង់ជ័យ ឯណោះទេ។ Wat PA Si Udom SAP, Sakae Rat, Pak Thong Chai District, Nakhon Ratchasima, Thailand. [6]


5/ ឱរា “ក - ៦៣៣ គ.ស.”

ឱរា “ក-៦៣៣” (សាខាទី៥) សំដៅដល់ឈ្មោះ “សុវណ្ណាភូមិ” (Sovvannaphumi) ត្រូវបានរកឃើញ លើសិលាចារឹក ចារនៅ ឆ្នាំ ៦៣៣ គ.ស. នៅស្រុកបរសែត ខេត្តកំពង់ស្ពឺ។ អក្សរសិលាចារឹក នេះ អានថា “The great King Isanavarman is full of glory and bravery. He is the King of Kings, who rules over Suvarnabhumi until the sea, which is the border, while the kings in the neighbouring states honour his order to their heads,”។ លោកបណ្ឌិត វង្ស សុធារ៉ា មិនមែនជាអ្នកប្រាជ្ញទីមួយទេ ដែលអះអាងថា សុវណ្ណភូមិ គឺជាឈ្មោះប្រទេសកម្ពុជា។ លោក George Coedes ក៏បានគាំទ្រទឡ្ហីករណ៍នេះ ក្នុងសៀវភៅរបស់លោក ក្នុងស្នាដៃ ទ្រឹស្តីហ្វូណន (Funan Theory)។ [7]


6/ ឱរា “ក - ៦៨៧ គ.ស.”

ឱរា “ក-៦៨៧” (សាខាទី៦) សំដៅដល់ លេខសូន្យ “0” ត្រូវបានអ្នកប្រាជ្ញខាងបុរាណវត្ថុវិទ្យា និងស្រាវជ្រាវខាងសិលាចារឹក ជឿថា ខ្មែរ បង្កើតដំបូងគេ តាមរយៈ សិលាចារឹក K.127 ដែលចារ នៅឆ្នាំ ៦៨៧/៦៨៣ គ.ស. មុនសម័យអង្គរ (Pre-Angkorian Period) ហើយត្រូវបាន រកឃើញដោយអ្នកបុរាណវត្ថុវិទូ Adhemard Leclere (1853-1917) ក្នុងឆ្នាំ 1891 គឺនៅចុងសតវត្សន៍ទី១៩ តំបន់ត្រពាំងព្រៃ នៅខេត្តក្រចេះ នៃកម្ពុជា។ អ្នកប្រាជ្ញខាងសិលាចារឹក លោក George Coedes និងគណិតវិទូ លោក Amir Aczel (1950-2015) ជឿជាក់ និងការពារ ថា លេខសូន្យ ដែលរកឃើញលើសិលាចារឹក K.127 នោះ គឺចំណាស់ជាងគេបំផុត ក្នុងពិភពលោក។ [8]


7/ ឱរា “ក - ១០០០ គ.ស.”

ឱរា “ក-១០០០” (សាខាទី៧) សំដៅដល់ លោក បណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យ ផ្នែក សិលាចារឹក នៃ សាកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ បាន ឲ្យ ដឹងថា ៖ « សិលា ចារឹក មួយ ពី ប្រាសាទ ភិមាន អាកាស បាន សរសេរ ថា ព្រះ នាង ជ័យ រាជទេវី បាន រើស ប្រមូល ក្មេង ស្រីៗ ដែល ក្រីក្រ កំ ព្រី កំព្រា ឬ ខ្លះ ត្រូវគេ បោះ បង់ចោល ឲ្យ ទៅ ស្នាក់នៅ ភូមិ មួយ ឈ្មោះ ធរម្មទេរ ដើម្បី រៀន ធម៌អាថ៌រៀន ទស្សនវិជ្ជា និង ការអប់រំ ផ្លូវចិត្ត » ។ ល ។ កាន់ តែ ពិស្តារ ជាង នេះ ទៅ ទៀត នោះ លោក បណ្ឌិត ចិន្ត ច័ន្ទ រតនា ប្រធាន មូលនិធិ កេរដំណែល ខ្មែរ និង ជា បណ្ឌិត ផ្នែក បុរាណវិទ្យា និង ប្រវត្តិសាស្ត្រ សិល្បៈ អាស៊ី អាគ្នេយ៍ នៅ សាកល វិទ្យាល័យ ស៊័រ ប៊ន ប៉ារីស ទី៣ (Sorbonne-Nouvelle Paris 3) នៃ ប្រទេស បារាំង បាន បញ្ជាក់ ថា ៖ « នៅ សម័យ អង្គរ ខ្មែរ យើង មាន សាកល វិទ្យាល័យ ជាច្រើន កន្លែង នៅ ទីក្រុង អង្គរ ដូច ជា សាកល វិទ្យាល័យ នៅ បរិវេណ តំបន់ ប្រាសាទ តាព្រហ្ម ប្រាសាទ ព្រះ ខ័ន និង ប្រាសាទ នាគព័ន្ធ ជាដើម » ។ លោក បន្ត ថា ៖ « កាល សម័យ នោះ កម្ពុជា ទទួល បាន ទាំង អ្នក មក សិក្សា (សិស្ស និស្សិត ) ពី ប្រទេស ចិន ទៀត ផង » ។ « នៅ បរិវេណ ប្រាសាទ តាព្រហ្ម គឺជា ព្រះរាជ វិហារ និង សាកល វិទ្យាល័យ ដែ មាន បង្រៀន ផ្នែក អក្សរសាស្ត្រ សិល្បៈ សិល្បសាស្ត្រ ទស្សន វិជ្ជា និង សាសនា ជាដើម ហើយ ព្រះ នាង ឥន្ទ្រ ទេវី ជា ព្រះ រាជអគ្គម ហេសី របស់ ព្រះ មហា ក្សត្រ ជ័យវរ្ម័ន ទី ៧ គឺជា ប្រធាន មាន តួនាទី គ្រប់គ្រង នៅ សាកល វិទ្យាល័យ នេះ ផ្ទាល់ តែ ម្តង » នេះ បើតាម ប្រសាសន៍ របស់ លោក បណ្ឌិត ច័ន្ទ រតនា ។ « បើ និយាយ ដល់ ការសិក្សា ផ្នែក ស្ថាបត្យកម្ម គ្រប់គ្រង និង ផ្នែក ចំណេះ ដឹង ទូទៅ ជាច្រើន ទៀត គឺ គេ សិក្សា នៅ ឯ សាកល វិទ្យាល័យ ដែល ស្ថិត នៅ បរិវេណ ប្រាសាទ ព្រះ ខ័ន មួយ កន្លែង ទៀត » ។ [9]


8/ ឱរា “ក - ១៤០០ គ.ស.”

ឱរា “ក-១៤០០” (សាខាទី៨) សំដៅដល់ ទៅលើព្រះរាជពង្សាវតាខ្មែរ ទីក្រុងភ្នំពេញយើងសព្វថ្ងៃនេះ ត្រូវបានស្ថាបនាឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជ ពោលគឺ មានប្រវត្តិសាស្ត្រផ្ទាល់របស់ខ្លួនជិត ៥ សតវត្សរ៍ មកហើយ ។ រីឯអ្នកសាងសង់ គឺព្រះបាទពញាយ៉ាត ។ ក៏ប៉ុន្តែថ្វីត្បិតតែត្រូវបានស្ថាបនាឡើង នៅសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមែន ស្លាកស្នាមនៃការកាន់កាប់តំបន់ភ្នំពេញ ឬជុំវិញទីតាំងសព្វថ្ងៃនេះ ត្រូវបានធ្វើឡើងយ៉ាងហោចណាស់ក៏ ១០០០ឆ្នាំ មុនគ្រឹស្តសករាជដែរ ដោយបុព្វបុរសខ្មែរយើង នៅជំនាន់នោះស្ថិតក្នុងយុគលោហធាតុ ។ ការរកឃើញនូវឧបករណ៍ប្រើប្រាស់ដូចជា ពូថៅធ្វើអំពីថ្មរំលីង (ចុងយុគសំរឹទ្ធិ) ចង្ក្រង់ដំរីនិងកងដៃកងជើងសំរឹទ្ធិ នៅខេត្តកណ្តាលជាសក្ខីភាពស្រាប់ ។ ក្នុងទិដ្ឋភាពដ៏ជូរចត់នេះ បានជាព្រះអង្គយាងចាកចេញពីតំបន់ទន្លេសាប ដែលជាប្រភពនៃវឌ្ឍនភាពនាសម័យអង្គរ ដែលជាជង្រុកត្រីនិងស្រូវនាសម័យនោះ ។ ការជម្លៀសខួនបានធ្វើឡើងជាពីរដំណាក់ បន្ទាប់ពីស្រីសន្ធរមកចតុមុខ ។ ព្រះអង្គបានសាងសង់ព្រះរាជវាំងមួយនៅបានកាន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីពាម ផ្កាយ ម្រេច ក៏ប៉ុន្តែដោយសារតំបន់នេះ ជាតំបន់ទឹកលិចព្រះអង្គបញ្ជាឲ្យគេផ្លាស់ទីតាំងភ្លាម ដើម្បីទៅតាំងព្រះរាជវាំងមួយថ្មីទៀត នៅឯមុខទន្លេចតុមុខយើងនេះ រវាងឆ្នាំ១៤០០ និង១៤៥០ នៃគ្រិស្តសករាជ ។ [10]


ដោយ៖ គីម កាំសា

ទីប្រឹក្សាវិនិយោគ និងការគ្រប់គ្រងអាជីវកម្ម

#AuraTeam #ក្រុមការងារឱរា


ឯកសារយោង៖

[1] Aphisit W. “Khmer Inscription and Language”. Available at <http://www.cambodia-travel.com/khmer/inscription.htm>; “About the Corpus of Khmer Inscriptions,” Available at <http://sealang.net/classic/khmer/>; Michael Vickery, “The Khmer Inscriptions of Roluos (Preah Ko and Lolei): Documents from a Transitional Period in Cambodian History,” (Sela Khmer, Jan. 1999) <http://michaelvickery.org/vickery1999khmer.pdf> (accessed: 15 Nov. 2018)

[3] Jean-Michel Filippi, “Epigraphy in Southeast Asia: the use and misuse of inscriptions”, (The Phnom Penh Post, 28 June 2013). Available at <https://www.phnompenhpost.com/post-plus/epigraphy-southeast-asia-use-and-misuse-inscriptions> (accessed: Nov 4, 2018)

[4] Molly Ball, “Book of Khmer Stone Inscriptions Published,” (The Cambodia Daily, 7 Oct. 2007). Available at <https://www.cambodiadaily.com/news/book-of-khmer-stone-inscriptions-published-35105/> (accessed: 15 Nov. 2018)

[5] Vong Sotheara, Facebook’s, September 19, 2018.

[6] Vong Sotheara, Facebook’s .

[7] Rinith Taing, “Was Cambodia home to Asia’s ancient ‘Land of Gold’?,” (The Phnom Penh Post, 5 Jan. 2018). Available at <https://www.phnompenhpost.com/national-post-depth-arts-culture/was-cambodia-home-asias-ancient-land-gold> (accessed: 15 November 2018)

[8] “The National Museum of Cambodia to exhibit the world's oldest zero,” (Agencia EFE, 2 Jan 2017). Available at

<https://www.efe.com/efe/english/entertainment/the-national-museum-of-cambodia-to-exhibit-world-s-oldest-zero-in-january/50000264-3138211>; BEC CREW, “Search For The World's First Zero Leads to The Home of Angkor Wat,” (Science Alert, 1 Dec. 2014). <https://www.sciencealert.com/search-for-the-world-s-first-zero-leads-to-the-home-of-angkor-wat>; Amir Aczel, “The Origin of the Number Zero,” (Smithsonian Magazine, Dec. 2014). <https://www.smithsonianmag.com/history/origin-number-zero-180953392/> (accessed: 15 November 2018).

[9] មឿន ញាណ, “១០០០ ឆ្នាំ មុន ខ្មែរ មាន សាកល វិទ្យាល័យ ជា ច្រើន នៅ សម័យ អង្គរ,” (ភ្នំពេញ ប៉ុស្តិ៍, 27 July 2017). Available at <https://bit.ly/2S7CyAe> (accessed: 22/11/2018)

[10] “ប្រវត្តិរាជធានីភ្នំពេញ,”. Available at <https://bit.ly/2QgZrUA> (accessed: 22/11/2018)



 
 
 

Commenti


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page