អត្ថប្រយោជន៍កាកកាហ្វេ (Java Ground ឬ Coffee Ground)


កាកកាហ្វេ មានអត្ថប្រយោជន៍នឹកស្មានមិនដល់។
“កាកកាហ្វេ” ភាសាអង់គ្លេសថា “coffee grounds”។ យ៉ាងហោច មានវិធី ១៧ យ៉ាងដើម្បីកែច្នៃកាកកាហ្វេ (recycled used coffee grounds) ដើម្បីប្រើប្រាស់ការងារផ្សេងៗ។ ក្នុងអត្ថបទមុនៗ បងប្អូនដឹងហើយថា ការញាំកាហ្វេមួយពែងប្រចាំថ្ងៃ ជួយអោយអាយុវែង កាត់បន្ថយហានិភ័យជំងឺដាច់សសៃឈាម និងមានសក្តានុពលកាត់បន្ថយហានិភ័យជំនឺលើសឈាម និងទឹកនោមផ្អែម ប្រភេទី២ (type 2 diabete)។ លើសពីនេះ កាកកាហ្វេមានអត្ថប្រយោជន៍យ៉ាងច្រើន តាំងពីទឹកកាហ្វេ រហូតដល់កាកសំណល់កម្ទេចកាហ្វេចុងក្រោយ។ [1] [2] [3]

ទី១. ប្រើជាជី (fertilizer)
សួនផ្កា សួនបន្លែ ឬសួនដំណាំ ត្រូវការសារធាតុសរិរាង្គ (organic) ដើម្បីធ្វើប្រតិកម្មជាមួយដី។ កាកកាហ្វេ ជាសារធាតុ ដើម្បីបន្ថែមសរិរាង្គ ចូលទៅក្នុងដី ដើម្បីផ្ទុកទឹក (retention) និងចរន្តខ្យល់ចូលក្នុងស្រទាប់ដី (aeration) ហើយក៏ជួយអោយផ្សិត និងប៉ាក់តេរីតូច (microorganisms) លូតលាស់ក្នុងដី។ កាកកាហ្វេថ្មីៗ (fresh ground) ក៏ល្អសម្រាប់ដំណាំ ឬដើមឈើ ដែលត្រូវការជាតិអាស៊ីត ព្រោះវាបង្កើនកម្រិត pH ក្នុងដី ចំនែកកាកកាហ្វេដែលប្រើប្រាស់ហើយ (used ground) ជួយបង្កើនសារធាតុចិញ្ចឹមនីដ្រូស៊ែន។ [4] វិធីប្រើប្រាស់កាកកាហ្វេជាជី គឺច្របល់កាកកាហ្វេចូលទៅក្នុងដី។

ទី២. ជួយបណ្តេញសត្វល្អិតចង្រៃដែលស៊ីបន្លែដំណាំ (Repel pests)
កាកកាហ្វេ គឺល្អក្នុងការចំចាត់ ឬបណ្តេញសត្វចង្រៃ ដែលតែងតែស៊ីបន្លែដំណាំ ដូចជា ខ្យងដី និងខ្យងស្នូក។ រោយកាកកាហ្វេ នៅជុំវិញសួន ឬធ្វើជាជញ្ជាំងកំពស់ ប្រហែល ៥សង់ទីម៉ែត្រ ដើម្បីជួយទប់ស្កាត់សត្វល្អិតស៊ីបន្លែដំណាំ។

ទី៣. ប្រើជាកំប៉ុស ( use in compost)
ក្រៅពីជាជី គឺអាចធ្វើជាកំប៉ុស។ សារធាតុ នីដ្រូស៊ែន ប៉ូតាស្យូម ផូស្វ័រ នៅក្នុងកាកកាហ្វេ អាចបម្លែងពន្លឺថ្ងៃ ទៅជាថាមពល និងរក្សាសំណើម ដែលធ្វើអោយមានលក្ខខណ្ឌល្អសម្រាប់កំប៉ុស។ [5] វិធីប្រើ គឺដាក់កាកកាហ្វេ លាយចូលទៅក្នុងកំប៉ុស អោយស្មើនឹងបរិមាណកាបោន ដូចជាស្លឹកឈើជាដើម។

ទី៤. ប្រើជាម្សៅប្រឡាក់សាច់ (tenderize meat)
កាកកាហ្វេសើម គឺល្អឥតខ្ចោះ ដើម្បីប្រឡាក់សាច់ ដោយសារជាតិអាស៊ីតក្នុងកាកកាហ្វេ។ លាយកាកកាហ្វេ ក្នុងទឹកល្មម ដូចភក់ ហើយយកទៅប្រឡាក់សាច់ ហើយខ្ចប់ក្នុងថង់ផ្លាស្ទិក ហើយដាក់ក្នុងទូរទឹកកក ប្រហែល ៣ម៉ោង តែយល់ល្អកុំលើសមួយយប់។ អ្នកអាចលាងសម្អាតកាកកាហ្វេចេញពីសាច់ មុននឹងយកទៅចម្អិន ឬទុកក៏បានប្រសិនបើយកទៅអាំង ធ្វើអោយសាច់អាំង មានក្លិនឈ្ងុយ និងរសជាតិកាន់តែពិសេស ជាប់ក្លិនផ្សែងបន្តិចៗ។

ទី៥. ធ្វើជាទៀនដុតនៅផ្ទះ (homemade candle)
ធ្វើអោយផ្ទះលោកអ្នក មានក្លិនកាហ្វេឆុងស្រស់ៗ ដោយធ្វើទៀន ពីកាកកាហ្វេ។ គ្រឿងផ្សំធម្មតាៗ គឺ ក/ ក្រឡ តូចមួយ, ខ/ កាកកាហ្វេ ពីរស្លាបព្រាបាយ, គ/ ក្រមួនឃ្មុំមួយពែងតូច, សសៃអំបោសទៀន រកទិញនៅហាងធ្វើទៀន, ខ្ទះកំផែល, ចានថ្មដែលទប់កម្តៅបាន។ ចំនែកវិធីធ្វើគឺ ក/ ដាក់ក្រមួនឃ្មុំ នៅក្នុងចានក្រឡូង ហើយដាក់លើខ្ទះ ហើយចាក់ទឹកជុំវិញ អោយបានពាក់កណ្តាលចាន, ខ/ ដុតទឹកអោយក្តៅ ដើម្បីអោយរលាយក្រមួនឃ្មុំ, គ/ ដាក់អំបោះទៀន និងកាកកាហ្វេនៅបាតក្រឡ, ឃ/ ចាក់ក្រមួនទៀនត្រឹមពាក់កណ្តាលអំបោះទៀន ហើយទុកអោយវារឹង, ង/ ហើយរោយកាកកាហ្វេលើស្រទាប់ទៀនដែលរឹងហើយ, ហើយចាក់ទៀននៅសល់, ច/ ទុកអោយត្រជាក់ ហើយដុតប្រើបាន។

ទី៦. ចម្ចាត់ក្លិនអាក្រក់ (deodorize)
អ្នកអាចដាក់កាកកាហ្វេ នៅក្នុងស្បោងតូចមួយ ឬក្នុងចានក្រឡូង ហើយដាក់លើធ្នើ ក្នុងទូរទឹកកក។ វិធីនេះ ធ្វើអោយបាត់ក្លិនស្អុយ និងក្លិនអាហារដែលផ្អាប់ក្នុងទូរទឹកកក។

ទី៧. លាបលើស្បែកមុខ (exfoliate skin)
កាកកាហ្វេ ជាម្សៅដើម្បីទាញយក និងកម្ចាត់ស្បែកងាប់។ វិធីធ្វើម្សៅកាកកាហ្វេ គឺ ក/ ប្រើកាកកាហ្វេ 1/2 ពែង, ខ/ ស្កត្នោត 1/2 ពែង, គ/ ប្រេងអូលីវ ឬប្រេងដូង 1/4 ពែង, ឃ/ ម្សៅឈើក្រអូប មួយកូនស្លាបព្រាតែ/កាហ្វេ។ វិធីធ្វើម្សៅកាកកាហ្វេ មួយខ្លង គឺ ក/ លាយគ្រឿងទាំងអស់ ក្នុងក្រឡមួយ, ខ/ ដាក់ក្នុងទូរទឹកកក, ហើយ រក្សាទុកពីរសប្តាហ៍ មុនយកប្រើ។

ទី៨. សំអាតកន្លែងឆេះ
មានការអះអាងជាច្រើន គឺពួកគេបានយកកាកកាហ្វេ ទៅរោយលើកន្លែងស្នាមឆេះ ដើម្បីងាយស្រួលជូតសំអាតកម្ទេចផេះ។

ទី៩. ដាំការ៉ុត
ដើមការ៉ុត និងមើមការ៉ុត ចូលចិត្តកាកកាហ្វេ។ កាកកាហ្វេ បន្ថែមសារធាតុចិញ្ចឹមចូលទៅក្នុងដី។ ការលាយកាកកាហ្វេចូលដី គឺ ដើម្បីប្រឆាំងសត្វល្អិតស៊ីឬស ក្នុងដី ហើយនិង ដង្កូវដីដែលស៊ីឬសការ៉ុត។

ទី១០. សម្អាតកែវ ឬចាន
ប្រើកាកកាហ្វេ ដើម្បីរោយលើកែវ លើចាន ហើយជូនសំអាត កុំអោយឃើញស្នាមដៃ ឬស្នាមកំណក ជាដើម។

ទី១១. កាត់បន្ថយស្នាមជ្រួញ (cellulite)
កាកកាហ្វេ មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយស្នាមជ្រួញ។ ការម៉ាស្សា ឬលាបលើស្បែក ដោយប្រើ កាកកាហ្វេ គឺជួយលំហូរសារធាតុចិញ្ចឹមក្នុងស្បែកអោយបានសព្វសាច់ ហើយចំនែកជាតិកាហ្វេអុីន ដែលក្នុងកាកកាហ្វេ ជួយកាត់បន្ថយការផ្ទុកជាតិទឹក និងជួយធ្វើអោយសសៃឈាមរីកធំ។ [6]

ទី១២. ធ្វើក្រដាស់ខាត់តុឈើ (weather)
ខាត់តុ ដោយប្រើកាកកាហ្វេ ទឹកខ្មេះ និង ក្រដាស់ខាត់តុ។ វិធីងាយ គឺលាយកាកកាហ្វេមួយស្លាបព្រាបាយ ទឹកខ្មេះ និងក្រដាស់ខាត់ឈើ ហើយផ្អាប់ទុក ២៤ម៉ោង បន្ទាប់មក យកទៅខាត់ឈើតុ ហើយខាតមួយថ្ងៃបន្ទាប់ ខាត់ម្តងទៀត នោះធ្វើអោយតុមានពណ៌សូកូឡាក្រម៉ៅ ដោយសារជាតិកាហ្វេជ្រាបចូលទៅក្នុងសាច់ឈើ នៅពេលខាត។

ទី១៣. ប្រើជាគ្រឿងផ្សំយករសជាតិ (seasoning)
កាកកាហ្វេ ជួយធ្វើអោយត្រី និងសាច់អាំង កាន់តែពិសេស មានក្លិន និងរសជាតិឆ្ងាញ់។
វិធីធ្វើ គឺ ក/ ប្រើកាកកាហ្វេ 1/4 ពែង, ខ/ ម្សៅម្ទេសផ្លោកក្រហម ១ស្លាបព្រាបាយ, គ/ ម្សៅខ្ទឹម ១ស្លាបព្រា, ឃ/ ស្កត្នោត ២ ស្លាបព្រាតែ/កាហ្វេ, ង/ ម្រាស់ព្រៅ ១ ស្លាបព្រាតែ, ច/ អំបិល ១ ស្លាបព្រាតែ, ឆ/ ម្រេចខ្មៅ 1/2 ស្លាបព្រាតែ, ជ/ ម្ទេសហិលបុក 1/2 ស្លាបព្រាតែ។

ទី១៤. ចម្ចាត់កំណកជាប់សសៃសក់
យកកាកកាហ្វេកក់សក់ពេលងូតទឹក ក៏ជួយកម្ចាត់កំណកដោយសារប្រើផលិតផលគ្រឿងសំអាងផ្សេងៗ ដែលកកជាប់នឹងសសៃសក់ ហើយជួយជំរុញអោយសសេរសក់លូតលាស់ និងមានសុខភាពល្អ លើសពីនេះចម្ចាត់អង្គែរផងដែរ។

ទី១៥. ចម្ចាត់ស្នាមខ្មៅជុំវិញភ្នែក
ប្រើកាកកាហ្វេ ជាមួយប្រេងដូង អាចជួយកម្ចាត់ ស្នាមខ្មៅជុំវិញភ្នែក។ [7] វិធីធ្វើ និងប្រើ គឺលាយកាកកាហ្វេ និងប្រេងដូង រាងភក់ៗ ហើយយកទៅលាបជុំវិញភ្នែក ហើយរក្សាទុកប្រហែល 15-20នាទី ហើយលាប ពីរដង ក្នុងមួយសប្តាហ៍។

ទី១៦. ធ្វើជាសាប៊ូដុំ (soap)
គ្រឿងផ្សំគឺ៖ ក/ កាកកាហ្វេប្រើហើយ 1/4 ពែង, ខ/ ទឹកសាប៊ូ glycerin ចំនួន ៨ អោន ឬ 237 មីលីលីត្រ, គ/ ម្សៅខ្ទេសដូង ១ ស្លាបព្រាតែ, ឃ/ វ៉ាន់នីឡា ២ ស្លាបព្រាតែ, ង/ កែវថ្មតូច, ច/ ខ្ទះកំផែល, ឆ/ ពុម្ពសាប៊ូដុំ, ជ/ វែក។ វិធីធ្វើគឺ ក/ ដាក់ទឹកកន្លះខ្ទះ, ដាក់កែវថ្មលើទឹក, ដុតអោយពុះជាពីរដំណាក់កាល, ខ/ ពេលដែលទឹកពុះ, ចាក់ទឹកសាប៊ូចូលទៅក្នុងកែវថ្ម ឬចានថ្ម, គ/ ពេលសាប៊ូរលាយ ថែមកាកកាហ្វេចូល ហើយចាក់ចូលទៅក្នុងពុម្ពដែលមានប្រេងនៅបាត, ឃ/ ពេលសាប៊ូរលាយហើយ លើកវាចេញពីកម្តៅ ថែមវ៉ាននីឡា ថែមកាកកាហ្វេ និងម្សៅខ្ទេសដូង, ង/ ដួសទឹកសាប៊ូ ចាក់ចូលទៅក្នុងពុម្ពសាប៊ូ, ច/ ទុកអោយត្រជាក់ អោយបាន ៣ ទៅ ៤ ម៉ោង អាចយកមកប្រើបាន។

ទី១៧. កម្ចាត់អង្គែរលើស្បែកសត្វឆ្កែ
ម្ចាស់ខ្មែរភាគច្រើន (នៅស្រុកជឿនលឿន) បានប្រើកាកកាហ្វេ ដើម្បីកក់រោម និងស្បែកឆ្កែរបស់គេ ដើម្បីកម្ចាត់អង្គែរ និងចៃ។ ជាទូទៅ គេអោយឆ្កែ អាចដេក លើគ្រែជាមួយម្ចាស់ ដូចនេះមិនមានក្លិនអាក្រក់។ ប៉ុន្តែកុំបណ្តោយអោយឆ្កែ ស៊ីកាកកាហ្វេ។

គីម កាំសា
ទីប្រឹក្សាអាជីវកម្ម និងការគ្រប់គ្រង
រក្សាសិទ្ធដោយ៖ ឱរា #AuraTeam
ឯកសារយោង៖




![គ្រាប់កាហ្វេពិសេស
[Specialty Coffee]](https://static.wixstatic.com/media/52b6e3_3e8b2fb1fcbb44fab2156daaff4d3a71~mv2_d_2040_1530_s_2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/52b6e3_3e8b2fb1fcbb44fab2156daaff4d3a71~mv2_d_2040_1530_s_2.jpg)
Comments