តើខុសគ្នាយ៉ាងម៉េច រវាងភេសជ្ជះក្រឡុកដូចជា Milkshake, Frappe, Smoothie, និង Cabinet?
- AURA CAFÉ
- Nov 9, 2018
- 2 min read
ប្រហែលបងប្អូនមានការយល់ច្រឡំ ឬមិនច្បាស់ថា តើភេសជ្ជះនៅក្នុងហាងកាហ្វេនីមួយៗ ខុសគ្នាយ៉ាងម៉េច? ជាពិេសស គឺភេសជ្ជះដែលត្រជាក់ៗ ដោយហៅឈ្មោះថា Milkshake, Frappe, Smoothie, និង Cabinet ជាដើម។ ឱរា សុំជំរាបជូនភាពខុសគ្នាដោយខ្លីៗ ដូចខាងក្រោមនេះ ៖
១/ ទឹកដោះគោក្រឡុកលាយរសជាតិផ្លែឈើ (Milkshake) ៖ ជាទូទៅមានគ្រឿងផ្សំ ដូចជា ទឹកដោះគោ, ការ៉ែម, រសជាតិផ្លែឈើ ឬរសជាតិសូកូឡា ជាដើម, ដោយក្រឡុកលាយចូលគ្នាទាំងអស់ ប៉ុន្តែនៅអូស្ត្រាលី និងអង់គ្លេស គឺគេមិនដាក់ការ៉ែម ក្រឡុកលាយចូលក្នុង Milkshake ទេ ព្រោះបើដាក់ចូល ទីនោះហៅថាជា Frappe ទៅវិញ។ នៅម្តុំទស្សវត្តន៍ ១៨៨០ និង ១៩០០, គេលាយជាតិអាល់កុល (ជាតិស្រវឹង) ចូលក្នុង Milkshake ប៉ុន្តែបច្ចុប្បន្ននេះ មិនមានទេ ហើយបើលាយជាតិអាល់កុលចូល គេលែងហៅថាជា Milkshake។ ចំណុចសំខាន់សម្គាល់ថាជា Milkshake គឺ ទឹកដោះគោស្រស់ (fresh milk) និង រសជាតិផ្លែឈើ (syrup)។ ពេលក្រឡុកចូលគ្នា វាតែងតែមានពពុះខ្លះ (foam) ជាធម្មតា ប៉ុន្តែមិនមែនជា Frappe ទេ។ [1]

២/ ផ្លែឈើក្រឡុកស្រស់ៗ (Smoothie) គឺជាពាក្យបង្កើតឡើងក្នុងទសវត្សន៍ ១៩៦០ ដើម្បីពិពណ៌នាភេសជ្ជះក្រឡុកស្រស់ៗ ដែលធ្វើពីផ្លែឈើ ឬ បន្លែ ដោយ មានគ្រឿងផ្សំដូចជា ផ្លែឈើស្រស់, ម្សៅប្រូតេអីន, ជីស្មៅតិណ្ណជាតិ (ក្លិនប្រហើរៗ), បន្លែ, ឬតែបៃតងជាដើម ក្រឡុកចូលគ្នាច្រើនមុខ ឬពីរមុខ ឬតែបីមុខ ទៅតាមរួមមន្តរបស់វា ឬតាមការនិយមចូលចិត្តរបស់អ្នកញាំ។ ចំណុចសម្គាល់របស់ Smoothie គឺផ្លែឈើ ឬ បន្លែស្រស់ៗ ហើយមិនមានទឹកដោះគ្រោះស្រស់ទេ ប៉ុន្តែពេលខ្លះ គេប្រើយ៉ាអួរ (yogurt) ជំនួសវិញ។ ចំណុខសម្គាល់ធំ គឺ Smoothie មិនប្រើទឹកកកកិន ដើម្បីក្រឡុកចូល ទេ។ [2]

៣/ ភេសជ្ជះក្រឡុកមានក្រែម (Frappe) គឺដូចគ្នានឹង Milkshake ហើយគ្រាន់តែថែម ការ៉ែមចូល ឬ/និង ទឹកកកកិន ដែលធ្វើអោយ Frappe ខាប់ជាង Milkshake ហើយបាញ់ក្រែមរសជាតិផ្សេងៗ ដាក់ពីខាងលើភេសជ្ជះ ជាការស្រេច់។ [3] ហើយ Frappe និង Smoothie គឺអាចញាំបានគ្រប់វ័យ គ្រប់គ្នា ហើយអាចលក់បានគ្រប់កន្លែង មិនចាំបាច់តែក្នុងហាងកាហ្វេទេ។ [4] ពីដើមឡើយ Frappe ត្រូវតែធ្វើជាមួយរសជាតិកាហ្វេ ប៉ុន្តែក្រោយមក គេក៏អាចធ្វើ Frappe ជាមួយរសជាតិផ្សេងទៀត ដូចជាទឹកសូកូឡាក្តៅ និងទឹកផ្លែឈើ ផងដែរ។ ហើយប្រវត្តិបង្កើត Frappe គឺកើតតាំងពីសតវត្សន៍ទី១៩ កើងនៅប្រទេសក្រិច ឆ្នាំ ១៩៥៧ ហៅឈ្មោះថា “café frappé”។ [5] ចំណុចសម្គាល់ធំ របស់ Frappe គឺប្រើទឹកកកកិន ដើម្បីក្រឡុកចូលក្នុងភេសជ្ជះ ពីព្រោះពាក្យថា Frappé ជាភាសាបារាំង ដែលមានន័យថា ទឹកកក (Iced)។ ហើយប្រសិនបើគេធ្វើ Frappe ពី Cappucino នោះគេហៅថា Frappuccino, បើធ្វើពី Latte គេហៅថា Latte Frappe ជាដើម។ [6]

៤/ Cabinet, គឺជាទូទៅ ដូចជាគ្នានឹង Frappe គ្រាន់តែមានរសជាតិកាហ្វេ។ ប្រសិនបើ Frappe ណា ដែលគ្មានរសជាតិកាហ្វេ នោះគេមិនហៅថាជា Cabinet ទេ ឬក៏អាចនិយាយថា ទាល់តែ Frappe ដែលមានរសជាតិកាហ្វេ ទើបហៅថាជា Cabinet។ គ្រាន់តែរសជាតិកាហ្វេនេះ គឺមិនមែនយកពីការឆុងកាហ្វេគិនហ្មត់នោះទេ ប៉ុន្តែគឺ ជា ទឹកសេរ៉ូមកាហ្វេ (Autocrat Coffee Syrup)។ [7]

៥/ ក្នុងចំនោមភេសជ្ជះក្រឡុកត្រជាក់ៗ ទាំងបួនខាងលើនេះ រួមមាន Milkshake, Smoothie, Frappe, និង Cabinet គឺ Smoothie មានអត្ថប្រយោជន៍ជាងគេសម្រាប់ខុសភាព ព្រោះធ្វើពីផ្លែឈើស្រស់ ឬ បន្លែស្រស់ៗ ដែលមានផ្ទុកវីតាមីន និងប្រូតេអ៉ីន ច្រើន ខុសពីម្សៅរសជាតិផ្លែឈើ និងទឹកសីរ៉ូមរសជាតិផ្លែឈើ ដែលត្រូវបានគេចំរ៉ាញ់។ យ៉ាងណាក៏ដោយ Milkeshake, Frappe, និង Cabinet គឺឆ្ងាញ់ជាង Smoothie ពីព្រោះ ការក្រឡុកផ្លែឈើស្រស់ ឬបន្លែស្រស់ នៅមានជាប់ក្លិនជ័រ ក្លិនផ្លែឈើ ក្លិនបន្លែ និងរសជាតិដើម អាចរាងចត់ រាងជូរ ដែលធ្វើអោយអ្នកញាំខ្លះ មិនចូលចិត្តក្លិន និងរសជាតិធម្មជាតិស្រស់ៗ នៃផ្លែឈើ ឬ បន្លែនោះ។ [8]

ដោយ៖ ឱរា
ឯកសារយោង៖
[1], [2] Harold Baldwin, “Milkshakes, Frappes, and Smoothies, What's The Difference?,” (Ezine @Article, 15 June 2011). Available at <https://bit.ly/2JTTebO>; or detail text, see <http://EzineArticles.com/6355110>; or “What Is the Difference Between a Frappe and a Milkshake?”, see <https://bit.ly/2RIdmjD> (accessed: 9 November 2018).
[3] Aimee Tucker, “The Difference Between a Milkshake and a Frappe,” (New England Today, October 9, 2018). Available at <https://bit.ly/2oO9UWk> (accessed: 9 November 2018)
[4] Ian Boughton, “Frappes and smoothies are for everyone, not just coffee shops,” (The Caterer, 29 June 2009). Available at <https://bit.ly/2PM3pV6> (accessed: 9 November 2018)
[5] Mariette Mifflin, “What Is a Frappe?,” (The Spruce Eats, 22 September 2018). Available at <https://bit.ly/2qA451s> (accessed: 9 November 2018)
[6] “What is a Frappé? Differences With Frappuccino and Milkshake,” (Little Coffee Place, 11 July 2018). Available at <https://bit.ly/2JlUowq> (accessed: 9 November 2018)
[7] Aimee Tucker, “Rhode Island Coffee Milk,” (New England Today, August 8, 2018). Available at <https://bit.ly/2RI9lf3> (accessed: 9 November 2018)
[8] Elise Dalley, “A Healthier Option?”, (CHOICE, 11 August 2014). Available at <https://bit.ly/2Pl1S8U> (accessed: 9 November 2018)
Comments